រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

​សក្តានុពលវិនិយោគ

  • 4.0ពាន់
  • ដោយ Admin

ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨ គីឡូម៉ែត្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៧ និងផ្លូវជាតិ៧៨ ដែលមានព្រំប្រទល់ខាងលិច​ទល់​នឹង​ខេត្តស្ទឹងត្រែង ខាងកើតទល់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ខាងជើង​ទល់នឹងខេត្តអត្តពឺ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខាងត្បូងទល់​នឹងខេត្ត​មណ្ឌល​គិរី។​ ភូមិសាស្ត្រជាតំបន់​ខ្ពង់​រាប​សម្បូរ ភ្នំ ជ្រោះជ្រលង ដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមាន​ទន្លេឆ្លងកាត់ចំនួន ២ គឺទន្លេសេសាន  និងទន្លេស្រែពក។ ជន​ជាតិដើមភាគតិចមានប្រមាណជាង ៦០% នៃប្រជាពលរដ្ឋ​ទូទាំងខេត្ដ​មាន​ជនជាតិដើមភាគតិច ចំនួន ៨អម្បូរ គឺ ទំពួន គ្រឹង ចារាយ ព្រៅ កាវែត ព្នង កាចក់ និងលន់។

បច្ចុប្បន្នក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច នៅក្នុងខេត្តរតនគិរី សរុបចំនួន ២៦ក្រុមហ៊ុន(ក្រុមហ៊ុន ដែល បានចុះបញ្ជីដីរួច ចំនួន ១៦ក្រុមហ៊ុន មានផ្ទៃដីអាជីវកម្ម សរុប ១៤៨.៧៧៥,២៧ហ.ត និងកំពុងដំណើរការ ចុះបញ្ជីដី ចំនួន ១០ក្រុមហ៊ុន) លើផ្ទៃ​ដីវិនិយោគ សរុប ១៥៥.២២២,២៧ហ.ត ដែលបានធ្វើការឈូសឆាយ រួចរាល់ ៥៨.២៤៨ហ.ត។ ជាមួយគ្នានេះ បានអនុវត្តការដាំដុះ សរុប ៤៩.៩៧១ហ.ត ក្នុងនោះរួមមាន៖ កៅស៊ូ ២៦.៦៧០ហ.ត ដូងប្រេង ១៧.៨៧៦ហ.ត ដំឡូងមី ១០០ហ.ត ស្វាយចន្ទី ១.៤០៦ហ.ត ឈើហូបផ្លែ ៨.០៥១ហ.ត និងដំណាំផ្សេងៗ ចំនួន ៤០០ហ.ត។

នៅក្នុងខេត្តរតនគិរី មានផ្ទៃដីដំាកៅស៊ូសរុបចំនួន ៦៧.៣០៣,៦៦ហ.ត(កំពុងធ្វើអាជីវកម្មចៀរជ័រ ចំនួន ៣០.៥៥១,៨៧ហ.ត) ក្នុងនោះមានកៅស៊ូកសិ-ឧស្សាហកម្ម និងគ្រួសារ ៣៧.៨០៨,៥៤ហ.ត និងក្រុមហ៊ុន ដីសម្បទាន​សេដ្ឋកិច្ច​ ២៩.៤៩៥,១២ហ.ត។ បរិមាណផលក្រែបជាមធ្យម ២២.៦១៨តោន/ឆ្នាំ។ ​រោងចក្រ កែច្នៃកៅស៊ូក្រែប ចំនួន ៧ទីតំាង(សមត្ថភាពផលិត ១តោន-២តោន/ម៉ោង) សិប្បកម្ម មានចំនួន ៩ទីតំាង (៤០តោន-១៥០តោន/ឆ្នាំ) និងឡសម្ងួត ១កន្លែង។

  • ចម្ការចន្ទីសរុបចំនួន ៣៤.៧៣៨ហ.ត ដំាឆ្នំានេះកើនបានចំនួន ២.១៣០ហ.ត ផ្ទៃដីប្រមូលផល​ចន្ទី សរុប ២០.៩៨៦ហ.ត បរិមាណផល សរុប ១១.៣០៥,៥៤តោន ទិន្នផលមធ្យម ០,៥៣៩តោន/ហ.ត គឺទិន្នផល មានការកើនឡើងជាងឆ្នំា២០១៧ ប្រមាណ ២៩៧គីឡូក្រាម/ហ.ត។
  • ដំណំាម្រេចសរុប ៩៩៦ហ.ត ផ្ទៃដីប្រមូលផល ៦១១ហ.ត ទិន្នផលមធ្យម ២,១១តោន/ហ.ត ​ គិតជាបរិមាណផល ១.៨២៤,៨១តោន។ ការប្រមូលទិញតម្លៃមធ្យម ៩.០០០រៀល-១១.០០០រៀល/គ.ក្រ។

ការចិញ្ចឹមសត្វនៅខេត្តរតនគិរី រួមមាន ៖

  • គោក្របីសរុបចំនួន ៤៧.០៤៦ក្បាល(ក្របី ១២.៩៧៦ក្បាល)​ ជ្រូកចំនួន ៣៥.៥៨៤ក្បាល ពពែ ចំនួន ១៦ក្បាល​ និងបក្សី សរុបចំនួន ២៣០.៧៣២ក្បាល(មាន់២០៩.៤០៧ក្បាល ទា២០.៦១៨ក្បាល និងបក្សី ផ្សេងៗ ចំនួន ៧០៧ក្បាល)។
  • សេវាកម្មស្នាក់នៅសរុបចំនួន ៤៩កន្លែង ស្មើនឹង ១.១២៩បន្ទាប់ ក្នុងនេះមាន សណ្ឋាគារ ចំនួន ១៤កន្លែង ស្មើ​នឹង ៦២៥បន្ទប់ និងផ្ទះសំណាក់ ចំនួន ៣៥កន្លែង ស្មើនឹង ៥០៤បន្ទប់។ ហើយមាន​ភោជនីយដ្ឋាន ចំនួន  ១៤ក​ន្លែ​ង និងអាហារដ្ឋានចំនួន ២៥កន្លែង។
  • កន្លែងលក់វត្ថុអនុស្សាវរីយ៍សរុបចំនួន ១៩កន្លែង គឺប្រភេទត្បូងចំនួន ១០កន្លែង ប្រភេទឈើចំនួន ៥កន្លែង និង​ប្រភេទ​ប្រាក់ ចំនួន ៤កន្លែង។