រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសតែងតាំងឱ្យចូលកាន់តំណែងប្រធានសាលាដំបូងខេត្តរតនគិរី លោក រស់ ពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តរតនគិរីជំនួសលោក នៅ យ៉ារ័ត្ន ត្រូវបានផ្ទេរភារកិច្ចជាអនុប្រធានសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ

  • 321
  • ដោយ sengkim

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងលោក រស់ ពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តរតនគិរីជំនួសលោក នៅ យ៉ារ័ត្ន ត្រូវបានផ្ទេរភារកិច្ចជាអនុប្រធានសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ។

ពីធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកអតីតប្រធានសាលាដំបូងខេត្តរតនគិរីនាពេលកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងការដឹកនាំ អនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសសង្ឃឹមថាប្រធានសាលាដំបូងខេត្តរតនគិរីថ្មី បន្តសហការ និងមានទំនាក់ទំនងល្អលើវិស័យយុត្តុធម៌ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗ ជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីនេះឯកឧត្តម កើត រិទ្ធ បានថ្លែងថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារ ក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក នៅ យ៉ារ័ត្ន ដែលបានដឹកនាំសាលាដំបូងខេត្តរតនគិរីជាច្រើនឆ្នាំកន្លងមកនេះ ចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង មានកិច្ចសហការល្អ ជាមួយអាជ្ញាធរអនុវត្តច្បាប់នៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តមអភិបាលខេត្តរតនគិរី និងអាជ្ញាធរដែនដី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលបានផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការគាំទ្រល្អជាមួយសាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋនាពេលពេលកន្លងមក និងសូមឱ្យបន្តកិច្ចសហការល្អនេះជាមួយសាលាដំបូង ជាពិសេសជាមួយប្រធានសាលាដំបូងខេត្តរតនគិរីដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ ដោយអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល៕

អត្ថបទទាក់ទង