ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចចារ៉ាយចំនួន១ភូមិ គឺភូមិប៉ាតាងស្ថិតក្នុងឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថុល ឌីណា អនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដី និងជានាយករងគម្រោងកម្មវិអនុវិស័យរដ្ឋបាលដីធ្លីព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពនិង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីបានឲ្យដឹងថាអនុលោម
តាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ផ្ទៃដីទី ១៨៥ ហិកតា ៧៨ អា អឺង ៥៥ សង់ទីអា ចេញពីដែនតម្របព្រៃឈើឆ្នាំ២០០២ និងកាត់ទំហំ ៤០១ហិកតា ៧២អា និង ១៦សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧មករាជា និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋសម្រាប់ប្រមានកម្ម ជាកម្មសិទ្ធិសម្ថភាពជួយសហគមន៍ជនជាតិដើមភាគតិចចារ៉ាយដែលស្ថិតនៅភូមិប៉ាតាង ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចំនួន ៦៥ គ្រួសារ មានប័ណ្ណសរុបចំនួន៣៣ វិញ្ញាបនបត្រលើផ្ទៃដី៦២៣.៩០៦៨ ហិកតា ក្នុងនោះរួមមាន៖ដីលំនៅដ្ឋាន
មានចំនួន០២ក្បាលដីស្មើនឹង១២.៨០៤៩ ហិកតា,ដីកសិកម្មមានចំនួន២៥ក្បាលដីស្មើនឹង ៥៧៨.៦៦៦៨ហិកតា,ដីបម្រុងទុកដូរវេនដំណាំ០៣ក្បាលដី ស្មើនឹង១៨.៨៧៩៨
ហិកតា,ដីកប់ខ្មោចចំនួន០១ក្បាលស្មើនឹង ៦.៩៩៧២ហិកតា,ដីព្រៃអារក្សមានចំនួន០២ក្បាលដីស្មើនឹង៦.៩៥៨៦
ហិកតា។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនសហគមន៍ជនជាតិដើមភាគតិចចារ៉ាយដែលបានអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុកប័ណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាព គឺជាឯសារមួយសំខាន់និងជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូល ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។
ឯកឧត្តមអភិបាលខេត្តបន្តថា ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។ដូច្នេះការចុះបញ្ជីជាលក្ខណសមូហភាព គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះឯកឧត្តម ញ៉ែម សំអឿន ក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួល ខុសត្រូវ និងតម្លាភាព និងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចភូមិប៉ាតាង ត្រូវថែរក្សាឲ្យបានគង់វង្ស នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ៕