រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលជួបជាមួយក្រុមការងារ សាយ ចូលសម្តែងការគួរសម និងបង្ហាញពីបេសកកម្ម

  • 1.2ពាន់
  • ដោយ vechet

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពមួយចំនួន បានអនុញ្ញាតឱ្យលោក អួន បឋម ឬហៅ សាយ ដែលជាអ្នកផ្តើមគំនិតរត់ដើម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីបេសកកម្មមនុស្សធម៌របស់សាយ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ថ្លែងនូវការកោតសរសើរនូវឆន្ទៈរបស់សាយ ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីគៀគរមូនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់។ ជាមួយគ្នានេះឯកឧត្តមបានសម្តែងនូវក្តីមោទកភាព ដោយសារសាយគឺជាយុវជនម្នាក់ដែលមានដើមកំណើតនៅខេត្តរតនគិរី និងជាយុវជនគំរូម្នាក់ដែលបានផ្តើមគំនិត និងលះបង់ខ្ពង់ក្នុងការងារមនុស្សធម៌។ ទន្ទឹមគ្នានេះ ឯកឧត្តមសូមគាំទ្រជាមួយបេសកកម្មរបស់សាយ ក្នុងការរត់ជុំវិញប្រទេស ព្រមទាំងបានប្រគល់ថវិកាជាមូនិធិដែលទទួលបានពីការបរិច្ចាកធនធានផ្ទាល់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឧបត្ថម្ភដល់បេសកកម្មរបស់សាយ ជួយដល់មន្ទីរពេទ្យកុមារអង្គរនូវថវិកាបឋមប្រមាណជិត២០លានរៀល។

សូមបញ្ជាក់ជូនផងដែរថា លោក អួន បឋម ហៅសាយ នាពេលថ្មីៗកន្លងមកនេះក៏បានផ្តើមគំនិតរ៉ៃអង្គាសថវិកាជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ បន្ទាប់ពីខេត្តរតនគិរី ដែលជាទឹកដីកំណើតរបស់ខ្លួន និងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត សាយ នឹងបន្តបេសកកម្មឆ្ពោះទៅខេត្តមណ្ឌលគិរីបន្តទៀត តាមផែនការដែលបានគ្រោងទុក។

អត្ថបទទាក់ទង