តាមរយៈសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២០នេះ បានអនុញ្ញាជាផ្លូវការឲ្យប្រើប្រាស់នូវនិមិត្តសញ្ញារបស់ខេត្តរតនគិរី។ និមិត្តសញ្ញាខេត្តរតនគិរី ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅតាមកន្លែងបំពេញការងារ ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រ ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្ត និងប្រើប្រាស់ជាផ្លូវការក្នុងករណីផ្សេងៗទៀតដែលចាំបាច់។
ចំពោះអត្ថន័យ និងខ្លឹមសារនៃនិមិត្តសញ្ញាមានដូចខាងក្រោម៖
អត្ថន័យនិមិត្តសញ្ញា
រូបរាង និងទម្រង់នៃនិមិត្តសញ្ញាសំគាល់ខេត្តរតនគិរី មានរាងមូល ។
រូបភ្នំ និងព្រៃព្រឹក្សានានា តំណាងឲ្យសណ្ឋានដីនៃទឹកដីខេត្តរតនគិរី ដែលសម្បូរដោយជួរភ្នំ ជ្រោះជ្រង ជ្រលងដងអូរជាច្រើនកន្លែង នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម និងនៅតាមតំបន់ខ្ពង់រាបនានាក្នុងខេត្ត ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើន ទាំងនៅលើដី ក្រោមដី និងក្នុងទឹក ព្រមទាំងដំណាំកសិកម្ម កសិ-ឧស្សាហកម្មគ្រប់ប្រភេទ ដែលជាសក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តរតនគិរី។
រូបត្បូង តំណាងឲ្យភាពសម្បូរបែបនៃប្រភេទត្បូងនានាដែលមានតម្លៃនៅក្នុងទឹកដីខេត្តរតនគិរី។ ហើយជាមួយនេះ កាំរស្មីដែលចាំងចេញពីត្បូងមានសរុបចំនួន ៥៩កង់ ជាតំណាងនូវឆ្នាំកំណើតរបស់ខេត្តរតនគិរី ដែលត្រូវបានបង្កើតឡើងនៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥០១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ព្រះហស្ថលេខាដោយ សម្តេច ព្រះនរោត្តម សុរាម្រិត តាមសំណើរ របស់ឯកឧត្តម ផូ ព្រឿង ទេសរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងមហាផ្ទៃ ដែលបានកាត់ចេញពីខេត្តស្ទឹងត្រែង។ ការបូកបញ្ចូលគ្នារវាងត្បូងដ៏មានតម្លៃ និងព្រៃភ្នំ បានបង្កើតអត្តន័យទៅជាឈ្មោះ របស់ខេត្ត គឺ « រតនគិរី »។
ផ្ទៃទឹកព៌ណផ្ទៃមេឃនៅចំកណ្តាល គឺតំណាងឲ្យបឹងយក្ខឡោម ជាបឹងធម្មជាតិប្រវត្តិសាស្រ្ត ដែលកើតឡើងដោយបាតុភូតបន្ទុះភ្នំភ្លើង ហើយត្រូវបានជាប់ចំណាត់ថ្នាក់ទី១២ ដែលមានភាពស្រស់ស្អាតជាងគេនៅលើសកលលោក។ ម៉្យាងវិញទៀត ក៏តំណាងឲ្យទឹកជ្រោះ អូរ បឹង និងទន្លេសំខាន់ៗទាំងពីរដែលហូរឆ្លងកាត់ខេត្ត គឺទន្លេសេសាន និងទន្លេស្រែពក ដែលជាប្រភព និងជាសក្ដានុពលនៃធនធានធម្មជាតិ ជីវៈចម្រុះ និងមច្ឆាជាតិគ្រប់ប្រភេទ ។
រូបមនុស្សប្រុស-ស្រី ដែលមានស្ពាយកាផា និងស្នាពីក្រោយ តំណាងឲ្យប្រជាពលរដ្ឋគ្រប់ជនជាតិ ជាពិសេសជនជាតិដើមភាគតិចដែលមាន៨អំបូរផ្សេងៗគ្នា កំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវីត ដោយប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ ប្រពៃណី វប្បធម៌តាមអំបូរនីមួយៗនៅលើទឹកដីខេត្តរតនគិរី។
រូបគងនៅលើខឿនបីជាន់ ដែលនៅចំកណ្តាលនៃរូបសញ្ញា ជាតំណាងឲ្យអត្តសញ្ញាណដួងព្រលឹង របស់បងប្អូនជនជាតិដើមភាគតិចទាំងអស់ដែលបានរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងខេត្តរតនគិរី។គេប្រើប្រាស់គងនេះ ដើម្បីសំដែងនៅក្នុងពិធីបុណ្យទាននានាតាមទំនៀមទំលាប់ ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចដូចជា ពិធីបុណ្យភូមិ សែនអារក្ស ឬបុណ្យសពជាដើម។
រូបក្រឡាគោមព៌ណ ស-ខ្មៅ ដែលបានស្ថិតនៅខាងក្រោមនៃនិមិត្តសញ្ញា តំណាងឲ្យរចនាបទសិល្បៈ វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់បងប្អូនជនជាតិដើមភាគតិច ដែលគេច្រើនឆ្លាក់ក្បាច់ទាំងនេះនៅលើសម្ភារៈប្រើប្រាស់ ជញ្ជាំងផ្ទះ រោងភូមិ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាដើម។
រូបក្បាច់ព៌ណលឿង រំលេចដោយផ្ការំដួលមួយទង ដែលបានផ្គុំទៅជារចនាបទផ្កាភ្ញីវល្លិ៍ ដែលមានទិសបំព្រួញឡើងលើនៅអមសងខាងនៃរូបនិមិត្តសញ្ញា មានលក្ខណៈស្រដៀងទៅនឹងការលើកដៃទាំងទ្វេដើម្បីសំពះប្រណមសុំឲ្យមានសេចក្ដីសុខ សេចក្ដីចម្រើនមានដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ និងតំណាងឲ្យភោគផលកសិកម្មក្នុងខេត្ត ដែលមានប្រជាជនជាច្រើនរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃដោយពឹងផ្អែកលើវិស័យកសិកម្ម កសិ-ឧស្សហកម្មជាចម្បង ដើម្បីរួមចំណែកកិច្ចអភិវឌ្ឍន៍ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ខ្សែបូរពណ៌ក្រហម ខៀវ និងរំលេចអក្សរជាឃ្លាថា “ខេត្តរតនគិរី” បង្ហាញពីអត្តសញ្ញាណជាតិសាសនា អង្គព្រះមហាក្សត្រ ដែលមានទឹកដី-ប្រជាជន និងឯករាជ្យ បូរណភាពទឹកដី និងឈ្មោះសំគាល់នៃខេត្តរតនគិរី។
អត្ថន័យពណ៌
ពណ៌មាស តំណាងឲ្យសុវណ្ណទ្រព្យ ពន្លឺភោគផលនៃទឹកដីអង្គរសុវណ្ណភូមិដ៏បវរនៃយើង
ពណ៌ខៀវ តំណាងឲ្យទឹកដី។
ពណ៌ក្រហម តំណាងឱ្យជាតិគឺទឹកដី និងប្រជាជន ដើម្បីរួបរួមជាកម្លាំង ឆន្ទៈដ៏មោះមុតឯកភាពសាមគ្គីភាពក្នុងកិច្ចការពារបូរណភាពទឹកដី និងការរស់នៅរបស់ប្រជាជនដោយសុខដុមរមនា។
ពណ៌បៃតង តំណាងឲ្យការអភិវឌ្ឍ រីកចម្រើន ស្រស់បំព្រង និងអភិរក្សធនធានធម្មជាតិបៃតងក្នុងខេត្តរតនគិរី។
ពណ៌ផ្ទៃមេឃតំណាងឲ្យសន្តិភាព។