ព្រឹកថ្ងៃថ្ងៃព្រហស្បតិ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត ក្រោមវត្តមានជាអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពក្នុងរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូបទៀត។
កិច្ចប្រជុំនេះធ្វើឡើងស្របទៅតាមប្រតិទិនដែលបានកំណត់ ក្នុងគោលបំណងដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមេសា និងលើកទិសដៅបន្តខែឧសភា ឆ្នាំ២០២០ និងរបាយការណ៍ប្រចាំត្រីមាសតី១ ឆ្នាំ២០២០ ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តលើការបែងចែកតួនាទីរបស់គណៈអភិបាលខេត្ត។