រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី ក្រោមកិច្ចកាំទ្រពីនាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ជូនដល់មន្ត្រីរដ្ឋបាលក្រុង ស្រុក ជាពិសេសមន្ត្រីស្ថិតនៅក្នុងរចនាសម្ព័ន្ធថ្មីដែលទើបប្រកាសបញ្ចូលក្នុងរដ្ឋបាលក្រុង ស្រុក ឲ្យទទួលបានចំណេះដឹង របៀបរបបការបំពេញការងារ បទពិសោធន៍ ពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ ក្នុងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរឡើងស្របតាមការវិវឌ្ឍន៍នៃសង្គមជាតិ លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ វគ្គតម្រង់ទិសនេះ មានការអញ្ជើញជាអធិបតីភាពបើកពីសំណាក់ ឯកឧត្តម លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី តំណាងឯកឧត្តមអភិបាលខេត្ត។
ឯកឧត្តម លន់ សុភាព មានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជារបៀបវារៈដ៏សំខាន់មួយក្នុងចំណោមរបៀបវារៈដ៏ទៃទៀតនៃកំណែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានឈានចូលដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០១០-២០១៩)។
ឯកឧត្តម សង្ឃឹមថា ក្រោយទទួលបានវគ្គតម្រង់ទិសនេះ មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក នឹងអនុវត្តនូវរបៀបរបបការងារប្រចាំថ្ងៃ និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។