រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តរតនគិរី ណែនាំអាជ្ញាធរពាក់ព័ន្ធត្រៀមវិធានការឲ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយនានាកើតឡើង

  • 1.2ពាន់
  • ដោយ vechet

មានប្រសាសន៍ណែនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានឲ្យដឹងថា ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះរាំងស្ងួតនារដូវប្រាំងឆ្នាំ២០២០នេះ អាជ្ញាធរខេត្តបានត្រៀមវិធានការចាំបាច់មួយចំនួនដើម្បីឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលមានការខ្វះខាតទឹកប្រើប្រាស់ ឬពលរដ្ឋជួបគ្រោះមហន្តរាយណាមួយជាយថាហេតុ។ ឯកឧត្តមបន្តថា បទពិសោធន៍កន្លងមកយើងបានចាត់វិធានការណ៍ត្រៀមបង្កា ឆ្លើយតប សង្គ្រោះ ជាសម្ភារៈ ស្បៀង ការអន្តរាគមន៍សង្គ្រោះឲ្យបានទាន់ពេលវេលា ដែលនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ សម្រាប់ឆ្នាំ២០២០នេះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវចាត់វិធានការគ្រប់គ្រងប្រភពទឹក និងជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹក អណ្តូងទឹក ដើម្បីធានាដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ពលរដ្ឋឲ្យមានការចូលរួមថែរក្សាប្រភពទឹក និងប្រើប្រាស់ដោយការសន្សំសំចៃខ្ពស់។ បន្ថែមពីលើនេះត្រូវត្រៀមឧបករណ៍ សម្ភារៈ អាងស្តុបទឹកចល័ត រថយន្តដឹកជញ្ជូនទឹក ពីដុង កានជាដើម និងកម្លាំងអន្តរាគមន៍ឲ្យបានគ្រប់គ្រាន់ និងចុះពិនិត្យទីតាំងដែលប្រឈមបញ្ហាខ្វះខាតទឹកប្រើប្រាស់ រាយការណ៍ និងចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំចំពោះមន្ត្រីសុខាភិបាល ត្រូវត្រៀមវិធានការក្នុងករណីមានផ្ទុះនូវជំងឺផ្សេងៗ ឆ្លើយតបឲ្យបានទាន់ពេលវេលា ព្រមទាំងផ្សព្វផ្សាយអប់រំពីការរក្សាអនាម័យដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។

អត្ថបទទាក់ទង