ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានបន្តចុះផ្សព្វអំពីវិធានការនានាដើម្បីបង្ការ និងទប់ស្តាត់វីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងមានការរីលរាលដាលនៅសកលលោក។ យុទ្ធនាការខាងលើនេះផងដែរក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ក្រោយមានករណីផ្ទុះវីរុសនៅប្រទេសចិន ក៏ដូចជាប្រទេសជិតខាង រួមនឹងមួយករណីដែលរងឃើញនៅកម្ពុជាផងដែរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះផ្សព្វផ្សាយអប់រំ នៅតាមគ្រឹះស្ថានសិក្សា ទីសាធារណៈនានាក្នុងខេត្ត ព្រមទាំងបានចែកម៉ាសឥតគិតថ្លៃជូនក្មួយៗសិស្សានុសិស្សផងដែរ។
ឯកឧត្តម គិត ទ្រី មានប្រសាសន៍ថា រហូតពេលនេះពុំមានករណីឆ្លងវីរុសការ៉ូណានៅខេត្តរតនគិរីឡើង ហើយករណីនៅខេត្តព្រះសីហនុអ្នកផ្ទុកមេរោគក៏បានធូរស្បើយហើយដែរ ដូច្នេះសូមក្មួយៗ និងបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។ ទន្ទឹមគ្នានេះឯកឧត្តមអំពាវនាវបងប្អូនប្រជាពលរដ្ឋបន្តការរក្សាអនាម័យ រស់នៅស្អាត និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់។