ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់Tablets ជូនឃុំ សង្កាត់ ខេត្តរតនគិរី សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទទួលបន្ទុកទាំងអស់ ផ្សព្វផ្សាយណែនាំដល់ក្រុមគោលដៅដែលត្រូវទទួលផលឲ្យបានទូលំទូលាយ និងប្រើប្រាស់ឧបករណ៍សម្ភារដែលបានផ្តល់ជូនឲ្យចំគោលដៅ ផ្តល់ទិន្នន័យឲ្យបានច្បាស់លាស់។
គោលបំណងកម្មវិធីខាងលើ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ឃុំ សង្កាត់ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសខាងលើនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ទទួលបានភាពសប្បាយរីករាយ ៕