រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយ ដើម្បីរៀបចំការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងតាមការិយាល័យ និងអង្គភាពនានានៃរដ្ឋបាលក្រុង ស្រុក ខេត្តរតនគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានជាអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការសង្គមសុីវិលមានមូលដ្ឋានប្រតិបត្តិការនៅក្នុងខេត្តជាច្រើនរូបទៀត ។ ដោយផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តមួយចំនួនដែលពាក់ព័ន្ធទៅនឹងការធ្វើសមាហរណកម្មទៅរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ដែលក្នុងនោះរួមមាន៖ ១. អនុក្រឹត្យលេខ ១៨២ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ២. អនុក្រឹត្យលេខ ១៨៤ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ៣.អនុក្រឹត្យលេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ។ ការធ្វើសមាហរណកម្មនេះ មានគោលដៅធានាប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ការពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌ ធានាអត្ថប្រយោជន៍នានារបស់បុគ្គលិក ធានានិរន្តរភាពការងារ និងការផ្តល់សេវានានា និងធានាការធ្វើសមាហរណកម្មស្របតាមជំនាញរបស់បុគ្គលិក ។ យន្តការខាងលើនេះនឹងអនុវត្តចាប់ពីឆ្នាំ២០២០ខាងមុខនេះតទៅ ៕