ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីថ្វាយព្រះរាជសព្វសាធុការពរជ័យ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមវត្តមានជាអធិបតីភាពពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ក្រុមយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង២០០នាក់។
ទូលព្រះបង្គំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវក្តីកតញ្ញូតាធម៌ ដោយលើកហត្ថាប្រណម្យអញ្ជលី ឧទ្ទិសបួងសួងដល់វត្ថុស័ក្តសិទ្ធទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុណ្យព្រះបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សិរីមង្គល វិបុលសុខ សុភមង្គលគ្រប់ទិវា ថ្វាយចំពោះ ព្រះអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំ កម្លាំងព្រះកាយពលខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា រួចផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ចម្រុងចម្រើនថ្កុំថ្កើងដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ ទូទាំងព្រះនគរជានិច្ចនិរន្តរ៍រៀងទៅ។