នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី សហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវេទិកាពិគ្រោះយោបល់ ក្រោមប្រធានបទ “កិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ វេទិកានេះមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តស្តីទី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយកក្រសួងផែនការ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត ប្រធាន និងតំណាងអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍នានាក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តរតនគិរី សរុបចំនួន ៩៥នាក់។ វេទិកាខាងលើនេះមានគោលបំណងដើម្បីពិភាក្សា និងពិគ្រោះយោបល់ឱ្យបានស៊ីជម្រៅ ជាមួយអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។