ក្នុង ភាពដ៏ស្រស់បំព្រងដោយព្រៃធម្មជាតិ ជួរភ្នំ ខ្ពង់រាប ជ្រលងភ្នំ និងដងអូរ ដែលអមដោយសហគមន៍ជនជាតិដើមភាគតិច និងសត្វព្រៃច្រើនប្រភេទ កំពុងតែរង់ចាំស្វាគមន៍អ្នកទេសចរនៅឯឧទ្យានជាតិវីរៈជ័យ ។
ឧទ្យាន ជាតិវីរៈជ័យ លាតសន្ធឹងលើផ្ទៃដី៣.៣២៥គីឡូម៉ែត្រការ៉េ ស្ថិតក្នុងស្រុកតាវែង និងស្រុកវើនសៃ របស់ខេត្តរតនគិរី ហើយបន្តភ្ជាប់នៅដល់ស្រុកសៀមបា៉ង ខេត្តស្ទឹងត្រែង និងស្ថិតនៅចំងាយប្រហែល៦០គីឡូម៉ែត្រ ខាងជើងក្រុងបានលុង ទីរួមខេត្តរតនគិរី ។ ឧទ្យាននេះ គឺឧទ្យានដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធំជាងនៅទូទាំងតំបន់រួមទាំងប្រទេសឡាវ និងវៀតណាម ។លើសពីនេះទៀត ឧទ្យាននេះត្រូវបានគេរាប់បញ្ចូលថា ជាតំបន់អភិរក្សធំជាងគេនៅទ្វីបអាសីុផងដែរ ។ ទីនេះ គឺជាកន្លែងតែមួយគត់ដែលបន្សល់ទុកនូវភាពដើមនៃប្រព័ន្ធជីវ ចំរុះដោយគ្មានមនុស្សណាម្នាក់ទៅប៉ះពាល់បំផ្លិចបំផ្លាញឡើងទាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាសីុអាគ្នេយ៍ វាមានដើមឈើខ្លះដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ វាលស្មៅ បក្សាបក្សីរាប់រយប្រភេទ រាប់ទាំងសត្វអង្កត់ក.ស និងក.ខ្មៅ ត្រដក់ ត្រសេះ និងពពួកថនិកសត្វជាច្រើនប្រភេទទៀត ។
ព្រៃឈើដ៏ធំល្វឹងល្វើយ វាលស្មៅយា៉ងច្រើន ជួរភ្នំ និងជ្រលងភ្នំ សុទ្ធសឹងតែជាប្រធានបទដ៏ធំមួយដែលបន្សល់ទុកនូវការស្រាវជ្រាវ សំរាប់មនុស្សផងទាំងពួង។ ក្រៅពីនេះ នៅមានប្រភេទសត្វជាច្រើនទៀតដែលគេពុំធ្លាប់បានស្រាវជ្រាវ។ ក្រុមអ្នកអភិរក្សឧទ្យាននេះ ក៏បានប្រទះឃើញនូវហ្វូងសត្វដំរី ខ្លាធំ និងអំបូរមំសាសត្វជាច្រើនប្រភេទទៀត រួមទាំងសត្វប្រភេទខ្លះកំពុងប្រកាសអាសន្នថា វានឹងឈានទៅដល់ការបាត់បង់នៅក្នុងលោកយើងនេះក៏មាន ។
ភូមិ ភាគឦសានរបស់ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថា ជាភូមិកំណើតនៃបងប្អូនជនជាតិដើមភាគតិចជាច្រើនអំបូរ ដែលបានរស់នៅទីនោះរាប់សតវត្សកន្លងមកហើយ ហើយពួកគាត់បន្តការរស់នៅជាមួយនឹងការដាំដុះ កសិផលជីវចំរុះ។ នៅក្នុងតំបន់នេះ ជនជាតិទើបភាគតិចព្រៅ និងកាវ៉ែត៤ទៅ៥សហគមន៍បានបន្តប្រពៃណីរស់នៅរបស់ពួកគាត់ដោយពឹង ផ្អែកលើអនុផលព្រៃឈើនៃឧទ្យានជាតិវីរៈជ័យ។ បច្ចុប្បន្ន សហគមន៍ជនជាតិដើមទាំងនោះ បានចូលរួមយ៉ាងសស្រាក់សស្រាក់នៅក្នុងកម្មវិធីអភិរក្សឧទ្យាន ជាតិដ៏ធំមួយនេះ។ ប៉ុន្តែទោះបីជាឧទ្យាវីរជ័យសំបូរទៅដោយធនធានធម្មជាតិយា៉ងណា ក៏ដោយចុះ ក៏កេរមរតកសោកនាដកម្មនៃសម័យសង្គ្រាមអាមេរិក និងវៀតណាម បានបន្សល់ទុកស្លាកស្នាមយ៉ាងជូរចត់ដល់តំបន់ព្រៃធម្មជាតិដ៏ធំ មួយនេះដែរ។ បើយើងសង្កេតឱ្យដិតដល់នៅក្នុងឧទ្យានជាតិវីរៈជ័យ ក៏បានបន្សល់ទុកនូវស្លាកស្នាមផ្លូវលំហ្វជីមិញនៅទីនោះដែរ ។
នៅក្នុងឧទ្យាជាតិវីរៈជ័យ លោកអ្នកអាចនឹងបានឃើញនូវសត្វជាច្រើនប្រភេទរួមទាំងដំរី ខ្លា និងខ្លាឃ្មុំផង។ អ្នកទេសចរទាំងឡាយ អាចនឹងបានឃើញអំពីប្រពៃណីទំនៀមទំលាប់ ជំនឿផ្សេងៗ និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេមិនខាន ហើយអ្វីដែលអាចមើលឃើញយ៉ាងច្បាស់ក្រឡែតនោះ គឺស្លាកស្នាមនៃសង្គ្រាមរវាងវៀតណាម និងអាមេរិកនៅទីនោះ ។
ឧទ្យាន ជាតិវីរជ័យ ក៏ត្រូវបានគេទទួលស្គាល់ ហើយរាប់បញ្ចូលជាឧទ្យានជាតិនៃសម្បត្តិបេតិកភណ្ឌរបស់ ប្រជាជាតិអាស៊ាន តាំងពីឆ្នាំ២០០៣ មកម៉្លេះ ថាជាឧទ្យានជាតិគំរូក្នុងការចែករំលែកបទពិសោធន៍នៃការអភិរក្ស ជីវចំរុះរបស់ខ្លួននៅក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ។ តំលៃលិខិតចូលទស្សនាឧទ្យានជាតិវីរៈជ័យគឺ១០ដុល្លារ សំរាប់ទេសចរម្នាក់ក្នុងមួយថ្ងៃ ដោយរាប់ទាំងថ្លៃមគ្គុទេ្ទសក៏រួចជាស្រេច ។ រីឯថ្លៃស្នាក់នៅតាមផ្ទះសំណាក់សហគមន៍នោះ គឺប្រហែល៥ដុល្លារក្នុងមួយថ្ងៃ ភាគច្រើនជាភ្ញៀវអន្តរជាតិទៅទស្សនាកំសាន្តនៅទីនោះយ៉ាងច្រើន ។