រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ទឹកជ្រោះ ​​អូរ​ស៊ិនលែរ៍

  • 1.9ពាន់
  • ដោយ Admin

ទឹកជ្រោះ ​​អូរ​ស៊ិនលែរ៍ ស្ថិតនៅក្នុង​​ភូមិ​សាស្ត្រ​​ទឹកដី​ ស្រុក​​លំផាត់​​ មានចំងាយ​​ប្រមាណ​៣០​គីឡូ​ម៉ែត្រ ពី​ក្រុង​បាន​លុង ​គឺ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ធម្ម​ជាតិ​​ដ៏​ស្រស់​បំព្រង​មួយ​ដែល​​តែង​​តែ​ ផ្តល់​​នូវ​​​ភាព​សប្បាយ​រីក​រាយ​ជក់​​ចិត្ត​​ដិត​​អារម្មណ៍​ដល់​អ្នក​ទេស​ ចរ​គ្រប់​ៗ​រូប ។ រមណីយ​ដ្ឋាន​នេះ​គ្រប​ដណ្តប់​​ដោយ​ព្រៃ​ស្រោង​ពណ៌​បៃតង ដែល​ហ៊ុម​ព័ទ្ធ​ជុំ​ជិត​ដោយ​ជួរ​ភ្នំ និង​ខ្ពង់​រាប​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ពី​ធម្ម​ជាតិ​សំរាប់​សត្វ​ព្រៃ​ គ្រប់​ប្រភេទ​ និង​​​ឮ​​តែ​សំលេង​ខ្ញៀវ​ខ្ញារ​នៃ​សត្វ​បក្សា​បក្សី ។ រមណីយ​ដ្ឋាន​ទឹក​​ធ្លាក់​នេះ​ ធ្លាប់​តែ​លាក់​ខ្លួន​​នៅ​កណ្តាល​ទ្រូង​ព្រៃ​ជា​យូរ​មក​ហើយ ទើប​​តែ​ពេល​ថ្មីៗ​នេះ​ទេ ដែល​បណ្តាញ​ផ្លូវ​​​គមនាគមន៍​ត្រូវ​បាន​អភិ​វឌ្ឍ​​​តភ្ជាប់​ទៅ​ដល់​តំបន់​ ទឹក​​ធ្លាក់​​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​ងាយ​​ស្រួល ។ អ្នក​ទេស​ចរ​អាច​ទៅ​ដល់​ទី​នោះ​តាម​រយៈ​រថយន្ត​​ធុន​ខ្ពស់ៗ​​ ឯ​​​អ្នក​បើក​បរ​ក៏​ត្រូវ​តែ​ប្រកប​ដោយ​ទេព​​កោសល្យ​ផង​ដែរ ​ក្នុង​ការ​បញ្ជា​យាន​យន្ត​តាម​ផ្លូវ​​ក្នុង​ព្រៃ​បត់​បែន​ដូច​ពស់​លូន ហើយ​កន្លែង​ខ្លះ​​ត្រូវ​ឆ្លង​កាត់​អូរ​តូចៗ​ទៀត​​ផង​។ ដំណើរ​កំសាន្ត​​ទៅ​​កាន់​ទី​នោះ​ គឺ​អាច​ចំណាយ​​ពេល​ពេញ​មួយ​​ថ្ងៃ និង​ត្រូវ​ត្រៀម​រៀប​ចំ​​​កញ្ចប់​ម្ហូប​អាហារ និង​ភេស​ជ្ជៈ​ផងដែរ ព្រោះ​នៅ​ទី នោះ​គ្មាន​អ្វី​លក់​ដូរ​ទាំង​អស់​​គឺ​ធម្ម​ជាតិ​ពិតៗ ។ ទឹក​ធ្លាក់​​នោះ​មាន​៧​ជាន់ ដែល​ទស្សនីយ​ភាព​ដ៏​ស្រស់​ស្អាត​នេះ ស្ថិត​នៅ​​កណ្តាល​ព្រៃ​​​ និង​មាន​ការ​​អភិ​រក្ស​​ថែរក្សា​​យ៉ាង​ល្អ​ ​ហើយ​កន្លែង​ខ្លះ​សូម្បី​តែ​ពន្លឺ​ព្រះ​អាទិត្យ ក៏​ពិបាក​​នឹង​ចាំ​​​​ង​​​កាំរស្មី​ចូលដល់​ផង ។ នៅរដូវ​ប្រាំង ​ចរន្ត​ទឹក​ហូរ​​មាន​សភាព​យឺត​ល្មម​ដែល​អាច​ឱ្យ​យើង​ហែល​លេង​បាន​យា៉ង​ស្រួល ។ រីឯ​នៅ​រដូវ​ភ្លៀង​ ចរន្ត​ទឹក​ហូរ​ខ្លាំង​លឿន កួច​ខ្មួល​ខ្មាញ់ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​មុជ​កំសាន្ត​​ណាស់ ។ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​អូរ​ស៊ីន​លែរ៍ មិន​ត្រឹម​តែ​ផ្តល់​​ភាព​ស្រស់​ស្អាត​សំរាប់​​​ដំណើរ​​កំសាន្ត​​ក្នុង​ព្រៃ​ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​វា​​​ហាក់​បី​ដូច​ជា​​​ការ​ស្រាវ​​ជ្រាវ​អំពី​សំរស់​ធម្ម​ជាតិ​ ផ្សេងៗ​រួម​ទាំង​ទឹក​ធ្លាក់​​ដទៃ​ទៀត​នៅ​ជុំ​វិញ​ទី​​នោះ​ផង​ដែរ ។

អត្ថបទទាក់ទង