ខេត្តរតនគិរី៖ ព្រឹកថ្ងៃពុធ ០២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគិរី ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងលោកស្រី នូវ មុំ ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តរតនគិរី ជំនួសលោកស្រី ញាន ទិត្យចិត្តាដែលត្រូវបានទទួលភារកិច្ចថ្មី។ កម្មវិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លន់ សុភាព អភិបាលស្តីទីនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងការគ្រប់គ្រងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការជំរុញបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេននៅពេលខាងមុខបន្តទៀត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងចងចាំជានិច្ចចំពោះស្មារតីទទួលខុសត្រូវអំណត់ព្យាយាមរបស់លោកស្រី ញាន ទិត្យចិន្តាក្នុងការដឹកនាំរហូតសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ជម្រុញការអភិវឌ្ឍន៍វិស័យទាំងបីនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តរតនគិរី ឱ្យមានការរីកចម្រេីនគួរឱ្យកត់សម្គាល់។
ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើលោកស្រី នូវ មុំ ប្រធានមន្ទីរថ្មី ដែលត្រូវបានតែងតាំង និង លោក លោកស្រី ជាមន្ត្រីរាជការនៅមន្ទីរ ប.ទ.ខេត្តរតនគិរីទាំងអស់ ត្រូវបន្តស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃដែលក្រសួងបានប្រគល់ជូន ដើម្បីអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អដោយត្រូវគោរពតាមច្បាប់ អនុវត្តភារៈកិច្ចដោយយកឧត្តមប្រយោជន៍ជាតិជាធំ ស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ឱ្យអនុវត្ត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនឹងបន្តជួយគាំទ្រប្រធានមន្ទីរថ្មីឱ្យបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ធានាបានប្រសិទ្ធភាពការងារ ពង្រឹងដល់ការគ្រប់គ្រង ដេីម្បីជាកម្លាំងចលករជម្រុញវិស័យទាំងបីឱ្យមានការរីកចម្រើន និងឆ្ពោះទៅរកបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤.០ និងប្រព័ន្ធឌីជីថល៕