ដើម្បីត្រៀមស្វាគមន៍ចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ ក៏ដូចជាធ្វើអោយទីក្រុងស្អាត បរិស្ថានល្អ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានធ្វើយុទ្ធការអនាម័យសម្អាតបរិស្ថានក្រុងបានលុង។យុទ្ធនាការនេះដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រី មន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តបានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្រុងបានលុងរបស់យើងក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣ ដែលនឹងឈានចូលមកដល់
នាពេលដ៏ខាងមុខនេះជាពិសេសបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អផងដែរ។
ឯកឧត្តម អភិបាលខេត្តបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ ជាមួយគ្នានេះ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិកនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។ ដូចនេះការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយផាសុខភាព។ ដូចនេះយើងរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសំរាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សំរាម និងចោលសំរាមឱ្យត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដែលរៀបចំជូន។
សូមបញ្ជាក់ថា យុទ្ធនាការសម្អាត អនាម័យបរិស្ថានក្នុងក្រុងបានលុងនាពេលនេះគឺសម្អាតតាមគោលដៅសំខាន់ៗមួយចំនួនដូចជា តាមបណ្តាយផ្លូវជាតិលេខ៧៨ចាប់ពីរង្វង់មូលយាយទូលចេករហូតដល់រង្វង់មូលយក្ខឡាម, ផ្លូវលេខ២៣ ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈប្រេងយើងដល់SNបឹងកំសាន្ត, ផ្លូវលេខ៧៨ដក៥ ចាប់ពីផ្សារទំនើបសុីត្រាដល់SNបឹងកំសាន្ត , ផ្លូវលេខ៥០ មហាវិថីនាយឧត្តមសេនីយ៍ ប៊ូ ថង, ផ្លូវលេខ២៥ មុខមន្ទីរអភិវឌ្ឍន៍ជនបទដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម, ផ្លូវលេខ២៧ មុខសាលាខេត្តពីរង្វង់មូលនាគព័ន្ធដល់បឹងកន្សែង, ផ្លូវលេខ២៩ ចាប់ពីធនាគារABAដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជា, ផ្លូវលេខ៦២,៤១,៤៣ និងផ្លូវលេខ៦៦ជុំវិញផ្សារបានលុង, ផ្លូវលេខ៥០៧ ពីផ្សារបានលុងទៅវិទ្យាល័យហ៊ុនសែនភូមិថ្មី និងផ្លូវជុំវិញបឹងកន្សែង៕