ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា និងទិវាមច្ឆាជាតិ១ កក្កដា ឆ្នាំ២០២២នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរីបាននាំយកកូនឈើចំនួន ១៦០០ ដើមនិងកូនត្រីចម្រុះចំនួន ២៥០០០ ក្បាល ដាំនិងប្រលែងក្នុងភូមិសាស្រ្តស្រុកកូនមុំ។ ទិវាទាំងពីរនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២២ ដែលរុក្ខទិវាប្រារព្ធធ្វើនៅទីតាំងអនុវិទ្យាល័យត្រពាំងក្រហម និងទិវាមច្ឆាជាតិប្រារព្ធធ្វើនៅទំនប់អូរភ្លង ឃុំត្រពាំងច្រេស ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និង អភិវឌ្ឍន៍វិស័យព្រៃឈើនិងជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានព្រៃឈើនិងជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គម និងបរិស្ថាន។
ថ្លែងក្នុងពិធីប្រកបដោយគុណប្រយោជន៍ទាំងពីរនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងថាបុណ្យ រុក្ខទិវា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស ។ ឯកឧត្តមបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។
ដោយឡែកទាក់ទងនិងទិវាមច្ឆាជាតិឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថាបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់ រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាព រស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែងទិវាមច្ឆាជាតិនាថ្ងៃនេះកូនត្រីចម្រុះប្រមាណ ២៥.០០០ក្បាល និងមេត្រីពូជមួយចំនួនទៀតដូចជា កូនត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង ដើម្បីធ្វើឲ្យអាងទឹកនេះសម្បូរណ៍ទៅដោយត្រី សម្រាប់បម្រើសេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ៕