អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរីជាង១០០នាក់ អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរីចំនួន ជាង១០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ដើម្បីជាការរំព្ញកដឹងគុណចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានពលិកម្មសព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិ។ពិធីនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ ប្រព្រឹត្តទៅក្រោមអធិបតី
ភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី។
ឧត្តមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីបានលើកឡើងថា ទិវាអតីតយុទ្ធជនកម្ពុជា របស់សមាគមអតីតយុទ្ធជនកម្ពុជា ធ្វើឡើងក្នុងគោលបំណងរំលឹកអំពីវីរភាព និងផ្តល់កិត្តិយសឲ្យសាកសមនឹងគុណបំណាច់របស់អតីតយុទ្ធជន មានចំពោះជាតិមាតុភូមិ និងប្រជាជន និងជាការផ្សព្វផ្សាយនូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់។
ឧត្តមសេនីយ៍ទោ ខាំ ស៊ុក បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តរតនគិរីមានអតីតយុទ្ធជន ចំនួន ៥៧៥ នាក់ ក្នុងនោះមានយោធិនពិការ ៦៧ នាក់,យោធិនចូលនិវត្តចំនួន
២៧៣ នាក់,យោធិនបាត់បង់ចំនួន ២ នាក់,គ្រួសារពលី ៩៣ នាក់ និងគ្រួសារមរណៈ ៤០ នាក់។
ឯកឧត្តម ញ៉ែម សំអឿន បានឡើងអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានខ្លឹមសារថា ទិវាអតីតយុទ្ធជនកម្ពុជា បានប្រាព្ធធ្វើឡើងដើម្បីរំព្ញកនូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជនយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋជាទីស្នេហានៃយើង ដែលបានពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋរបស់យើង នៅគ្រប់តំណាក់កាលនៃប្រវត្តិសាស្រ្ត គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
ក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន ក៏បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន ដែលសម្តេចទាំងទ្វេ តែងតែមានការនឹករលឹក និងគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជានិច្ច ដែលបងប្អូនមានគុណបំណាច់ដ៏ធំធេងចំពោះជាតិនិងមាតុភូមិ។មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក៏បាននៅតែបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាជីវភាពរស់នៅ ការជួយកសាងផ្ទះ ផ្តល់ជូនដីធ្លី ចំពោះបងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ និងគ្មានលទ្ធភាព។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិសភាព ស្ថិរភាពនិងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខថែមទៀត។
នៅក្នុងឱកាសនោះគណៈអធិបតីបានចែកជូនដល់សមាជិកអតីតយុទ្ធជនដែលបានចូលរួមទាំងអស់ក្នុងម្នាក់ៗ ថវិកា៥មុឺនរៀល សារ៉ុង១និងម៉ាស់ ម្នាក់១ដុំផងដែ៕