ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ បានទទួលទួបជាមួយឯកឧត្តម Vilavong Virravong អគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិនៅកម្ពុជា។
មានប្រសាសន៍ថ្លែងពិធីសំណេះសំណាលនេះ ឯកឧត្តមអគ្គកុលស៊ុលឡាវ បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមរតនគិរី នាំឲ្យមានការរីកចម្រើនលើគ្របលវិស័យ។ ទន្ទឹមគ្នានេះឯកឧត្តមបានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តរតនគិរី ព្រមទាំងសហការីដែលរយៈពេលជាង០៤ឆ្នាំក្នុងអាណត្តិរបស់ឯកឧត្តមមានការសហការល្អ និងការជួយជ្រោមជ្រែងការងាររហូតទទួលបានជោគជ័យ ពីថ្នាក់ដឹកនាំខេត្តរតនគិរីគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមបានសម្តែងនូវការអរគុណ និងចងចាំទុកជានិច្ចចំពោះការស្រលាញ់រាប់អានរបស់ថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមក។ ទោះបីបានបញ្ចប់បេសកកម្មទៅវិញក្តីតែឯកឧត្តមចងចាំជានិច្ច ចំពោះទំនាក់ទំនងល្អ ការសាមគ្គីភាពល្អរវាងខេត្តជាប់ព្រំប្រទល់ និងក្នុងតំបន់តែមួយ ហើយជឿជាក់ថាការដឹកនាំរបស់អភិបាលខេត្តនឹងបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌កាន់តែល្អប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម ថង សាវុន អភិបាលខេត្ត ថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គកុលស៊ុលឡាវ ដែលបានឆ្លៀតឱកាសចូលមកជម្រាបលាថ្នាក់ដឹកនាំខេត្តរតនគិរី។ ក្នុងរយៈពេលជាង០៤ឆ្នាំកន្លងមកឯកឧត្តមអគ្គកុងស៊ុល មានកិច្ចសហការល្អប្រសើរ ហើយទោះបីជាឯកឧត្តមបញ្ចប់អាណត្តិក្តី តែយើងនឹងបន្តប្រពៃណីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្សេងទៀតឲ្យកាន់តែប្រសើរឡើង។ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះកិច្ចសហការ សម្របសម្រួលរបស់អគ្គកុលស៊ុលឡាវ ដើម្បីឲ្យកិច្ចសហការរវាងខេត្តនិងខេត្តទទួលបានជោគជ័យ ពិសេសក្នុងគោលដៅដើម្បីឲ្យខេត្តជាប់ព្រំប្រទល់មានការលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៃប្រទេសទាំងពីរ ហើយយើងនឹងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយើងឲ្យមានការគោរពច្បាប់ អធិបតេយ្យភាពប្រទេសរៀងៗខ្លួន រួមនឹងការការថែរក្សាប្រពៃណីទំនៀមទំលាប់ឲ្យបានថិតថេរគង់វង្ស ព្រមទាំងសហការគ្នាលើកកម្ពស់ គោរពច្បាប់ និងខឿនការពារជាតិដោយមិនអនុញ្ញាតឲ្យក្រុមណាមួយយកទឹកដីខ្លួនប្រឆាំងនឹងប្រទេសផ្សេងបានឡើយឡើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងមានវិធានការទប់ស្កាត់ការរីលរាលដាលនៃcovid-19 នៅក្នុងប្រទេសរៀងៗខ្លួន ហើយនេះគឺជាបញ្ហារួមរបស់ប្រទេសក្នុងតំបន់ ក្នុងគោលដៅរក្សាបាននូវសុវត្ថិភាពសង្គម ដើម្បីរក្សាឲ្យបាននូវការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំជំរុញខេត្តជាប់ព្រំដែនធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយជំរុញការពិនិត្យបើកជាច្រកទ្វារបង្កើនការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងបន្ថែមទៀត រវាងខេត្តជាប់ព្រំដែន។