រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

ក្រុមហ៊ុន អិន ស៊ី អិច (NCX) យកខេត្តរតនគិរី ជាទីតាំងចាប់ផ្តើមបើកពិធីដង្ហែក្បួនម៉ូតូសេរីទំនើប

  • 5.0ពាន់
  • ដោយ sengkim

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន អិន ស៊ី អិច(NCX) បានរៀបចំបើកពិធីដង្ហែក្បួនម៉ូតូសេរីទំនើប ដែលពិធីនេះធ្វើឡើងនៅមុខបរិវេណសាលាខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោក ខាន់ឆៃ គៀស្រ៊ីថាណាកន នាយកប្រតិបត្តិក្រុមហ៊ុន អិន ស៊ី អិច។
លោក ខាន់ឆៃ គៀស្រ៊ីថាណាកន នាយកប្រតិបត្តិក្រុមហ៊ុន អិន ស៊ី អិច បានឱ្យដឹងថាគោលបំណង នៃការប្រារព្ធ ធ្វើពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពអ្នកបើកបរនៅលើដងផ្លូវ សំដៅ ចូលរួមចំណែកកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ ឯកឧត្តម ថង សាវុន មានប្រសាសន៍ថ្លែង អំណរគុណចំពោះក្រុមហ៊ុន អិន ស៊ី អិច ដែលបានយកទីតាំងខេត្តរតនគិរិជាចំណុចចាប់ផ្តើម នៃការបើកពិធីដង្ហែ ក្បួនម៉ូតូសេរីទំនើប ឆ្ពោះទៅកាន់ទីរួមខេត្តមណ្ឌលគិរី។ ឯកឧត្តមគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត ក្នុងឆ្នាំ២០១៩កន្លងមក មានការថយចុះបើធៀបទៅនឹងឆ្នាំ២០១៨ ប៉ុន្តែនៅតែជាបញ្ហាគួរកត់សម្គាល់ ដែលជាបញ្ហា ប្រឈមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សុខុមាលភាពពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាល។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ ចូលរួម អនុវត្តនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។ ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន NCX បានឧបត្ថម្ភ អង្ករចំនួន ៣តោន មួក ៨៣មួក និងថវិកាចំនួន ៣លានរៀល ជូនដល់រដ្ឋបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។

សូមបញ្ជាក់ថា ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនដ៏ល្បីល្បាញ និងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងទ្បាយ និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែងចាយម៉ូតូក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន អិន ស៊ី អិច ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយគ្រាន់តែធ្វើការនាំចូលផលិតផលសម្រេចម៉ាកហុងដា មកលក់ នៅលើទីផ្សារតែប៉ុណ្ណោះ។ ដោយទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង និងឆាប់រហ័សពីសំណាក់អតិថិជន ក្រុមហ៊ុនបានបង្កើតខ្សែសង្វាក់ផលិតកម្មខ្នាតតូចដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៩ ដែលមានទីតាំងស្ថិតនៅកណ្ដាល រាជធានីភ្នំពេញ ដោយបានដំឡើងម៉ូតូក្នុងទម្រង់ IKD ហើយនៅក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានបន្តពង្រីកខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួនដោយបានបង្កើតជាខ្សែសង្វាក់ផលិតកម្មខ្នាតធំថ្មី មានទីតាំងនៅតាមបណ្តោយមហាវិថី វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែមានខ្សែសង្វាក់ ផលិតកម្មសម្រាប់ដំឡើងម៉ូតូនោះទេ ប៉ុណ្ណោះថែមទាំងមានខ្សែសង្វាក់ផលិតកម្មសម្រាប់ផលិតគ្រឿងបំណែកមួយចំនួន របស់ម៉ូតូក្នុងទម្រង់ IKD1.5 ផងដែរ ធ្វើឱ្យក្រុមហ៊ុនអាចបង្កើតការងារយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា ជាក់ស្តែង បច្ចុប្បន្ន ក្រុមហ៊ុន អិន ស៊ី អិច បាននឹងកំពុងប្រើប្រាស់កំលាំងពលកម្មជាង ១៣០០នាក់។

សព្វថ្ងៃនេះក្រុមហ៊ុន អិន ស៊ី អិច បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនដែលជោគជ័យ ធំៗទាំងទ្បាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិតនិងចែកចាយ ម៉ូតូ ដោយមានសាខាធំៗ និងអនុសាខារាប់រយនៅទូទាំងប្រទេស សម្រាប់ចែកចាយផលិតផលរបស់ខ្លួន។ ដើម្បីឆ្លើយតប នឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនតែងតែបង្កើត និងនាំមកនូវផលិតផលម៉ាកហុងដារាប់សិបប្រភេទ រួមមានដូចជា៖ Honda DREAM125, Honda WAVE100, Honda BeAT, Honda ZOOMER-X, Honda SCOOPYi, Honda CLICK125i, Honda CLICK150i, Honda PCX150, Honda ADV150, Honda MSX125SF និង Honda CB150R ៕

អត្ថបទទាក់ទង