តាតៃ គឺជាទីកន្លែងដែលមានល្បាក់ទឹកជួរហូរជ្រែកតាមចន្លោះថ្មដា ស្រស់ត្រកាលស្ថិតនៅតាមបណ្តោយទន្លេស្រែពក ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ មានចំងាយប្រហែល៣៤គីឡូម៉ែត្រ ខាងត្បូងក្រុងបានលុង ។
ទឹកជួរតាតៃ តែងតែបង្ហាញភាពទាក់ទាញរបស់ខ្លួននៅរដូវប្រាំងចាប់ពីខែកុម្ភៈ ដល់ខែមេសា។ នាអំឡុងពេលនេះ គឺគេអាចលេងកំសាន្តជាមួយនឹងទឹកដ៏ថ្លាឈ្វេងហូរកាត់តាម ចន្លោះផ្ទាំងថ្មតូចធំ និងឆ្នេរខ្សាច់ ហើយនៅតាមវាលដែលមានល្បាក់ទឹកជួរហូរកាត់នោះក៏សំបូរទៅដោយ កូនព្រៃរុក្ខជាតិលិចទឹកដែរ ។ ដោយមានបណ្តោយ២ទៅ៣គីឡូម៉ែត្រ ល្បាក់ទឹកជួរតាតៃក៏ផ្តល់ជាកន្លែងដ៏ប្រសើរមួយសំរាប់ការស្ទូច ត្រីលេងកំសាន្តនៅត្រង់ចំណុចស្ងាត់ៗខ្លះ ។ ក្នុងពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ និងចូលឆ្នាំចិន ល្បាក់ទឹកនេះជាកន្លែងដ៏ល្អពិសេសមួយសំរាប់អ្នកទេសចរក្នុង ស្រុកដែលនិយមធ្វើដំណើរកំសាន្តវិលល្ងាចពីទីរួមខេត្តទៅកាន់ ទីនោះ ដើម្បីទទួលទានអាហារវេចខ្ចប់នៅតាមរមណីយដ្ឋាន ឬហៅថាភិចនិច រួចចុះមុជទឹក និងហែលទឹកលេងកំសាន្តយ៉ាងត្រជាក់ចិត្ត។
បើឆ្លងទៅត្រើយម្ខាង នៃទន្លេស្រែពក និងកន្លែងទឹកជួរ ទីនោះគឺជាសហគមន៍ដ៏ធំរបស់បងប្អូនជនជាតិឡាវ និងខ្មែររស់នៅយ៉ាងសុខដុមរមនា ។ ភាគច្រើនគេប្រើប្រាស់ពីរភាសា គឺ ភាសាខ្មែរ និងភាសាឡាវ ពួកគេជាកសិករ និងជាអ្នកនេសាទ ហើយក៏ជាអ្នកប្រមូលអនុផលព្រៃឈើ ដើម្បីរកកំរៃចិញ្ចឹមជីវិតផងដែរ ។