ខេត្តរតនគិរី ៖ ក្រុមប្រឹក្សាអាណត្តិទី៣ ខេត្តរតនគិរី ចំនួន ១៩រូប បានប្រកាសចូលកាន់តំណែងនាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី និងមានការចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះខេត្តរតនគិរី មានការអភិវឌ្ឍន៍ជា
បន្តបន្ទាប់លើគ្រប់វិស័យ និងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ តអាណត្តិទី២ ដោយធានាបានយ៉ាងល្អប្រសើរនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយកិច្ចដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុង/ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ផងដែរ ។
យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្ត រតនគិរី ចំនួន ១៩រូប ក្នុងអាណត្តិទី៣ ក្នុងនោះ ឯកឧត្តម ណាប់ ប៊ុនហេង ជាប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ដោយឡែក ១៨រូប ជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានអបអរសាទរចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិថ្មី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដើម្បីបន្តដឹកនាំខេត្តឲ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោត ដើម្បីបង្កើតក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅ មកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះ បានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែន នៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ អំណាច ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និងលើកកម្ពស់ការចូលរួមក្នុងការអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តម បានជំរុញឲ្យក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូលស្របតាម គោលការណ៍ និងនីតិវិធីនិងលិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់ និងត្រូវយក ចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជាការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ សម្រាប់ខេត្ត ការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន និង ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ៕